ខេត្តព្រះសីហនុ ៖ បន្ទាប់ពីមានការផ្ទុះអាវុធមួយប្រាវ ជនជាតិចិនចំនួន៣៦នាក់ ខ្លះជាបុគ្គលិកបម្រើការងារក្នុងកាស៊ីណូ ត្រូវបានសត្ថកិច្ចស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ ធ្វើការបង្ក្រាប និងចាប់ខ្លូនបានជាបន្តបន្ទាប់ ក្នុងខណៈពេលពួកគេ បានព្រួតគ្នាប្រើប្រាស់ដាវសាំម៉ូរ៉ៃ និងដំបងដែក ដេញវាយជនរងគ្រោះ ជាជនជាតិខ្មែរប្រមាណ៥នាក់ បណ្តាលឲ្យរងរបួស ធ្ងន់ធ្ងរ កាលពីវេលាម៉ោង០១និង៤៥នាទី យប់រំលងអធ្រាត ឈានចូលថ្ងៃទី០១ ខែកក្កដាឆ្នាំ២០១៧ នៅត្រង់ចំណុចក្បែររង្វង់មួលតោពីរ ស្ថិតក្នុងភូមិលេខ០៤ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ។
ជុំវិញហេតុការណ៍នេះ យោងតាមសាក្សីជាអ្នករត់រ៉ឺម៉កម៉ូតូនៅចំណុចកើតហេតុ បាននិយាយប្រាប់ឲ្យដឹងថា នៅមុខពេលកើតហេតុ គេឃើញជនជាតិខ្មែរចំនួន៥ទៅ៦នាក់ មានការឈ្លោះប្រកែកគ្នាជាមួយជនជាតិចិនស្ទាវៗ ចំនួន៣ទៅ៤នាក់ បន្ទាប់ជនជាតិចិននោះ បានវាយតប់លើស្ត្រីនៅចំណុចអាហារដ្ឋានរ៉ុកកីឆ្នេរអូឈើទាល ដោយសារខឹងស្ត្រីនោះមិនអង្គុយជាមួយ ក្រោយមកក៏ស្រាប់មានជនជាតិចិនជាច្រើននាក់ផ្សេងទៀត ដោយខ្លះមានកាន់ដាវសាំម៉ូរ៉ៃ ខ្លះកាន់ដំបងដែក បានមកដេញវាយជនជាតិខ្មែរទាំងនោះ ទាំង កំរោលតែម្តង បណ្តាលឲ្យជនជាតិខ្មែរមួយចំនួនបានរងរបូសធ្ងន់ និងខ្លះរត់រូចខ្លូន ។ ក្រោយមកជនជាតិចិនទាំងនោះ ត្រូវបានសមត្ថកិច្ចស្នងការដ្ឋាននគបានខេត្ត ធ្វើការចាប់ខ្លូនបានជាបន្តបន្ទាប់ និងមួយចំនួនទៀតបានរត់ចូលក្នុងកាស៊ីណូ របស់ក្រុមហ៊ុនចិន នៅក្បែរនោះ គេចខ្លូនផងដែរ ។ ជនជាតិចិនខាងលើ ក្រោយពេលចាប់ខ្លូនបានធ្វើការដកហូតបានវត្តុតាងបទល្មើស ដូចជាដាវសាំម៉ូរ៉ៃ និងដំបងដេកមួយចំនួន ។
ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ឋ ស្នងការនគរបាលខេត្ត ក៏បានចេញសេចក្តីប្រកាសថា នេះជាលើកទី២ហើយ ក្នុងខេត្តខ្ញុំ ក្រុមក្បាលខូចវាចង់សាកល្បងកម្លាំង និងស្នងការ ថាយប់ថ្មើរនេះ មានកម្លាំងទេ តែកម្លាំងស្នងការ និងកម្លាំងមូលដ្ធានចេញទៅបង្ក្រាបទាន់ ម្លេះអាចមានបញ្ហាធំ ដោយប្រជាពលរដ្ឋយើងចោមរោមវាយ អាចវឹកវរ (ដោយមានការស្រែកលាបពណ៍ជាតិសាសន៍) ក្នុងនាមខ្ញុំស្នងការនគរបាលខេត្តព្រះសីហនុ សូមជំរាបជូនដល់បងប្អូនប្រជាពលរដ្ឋយើង ក្នុងខេត្តព្រះសីហនុទាំងអស់ កុំធ្វើអ្វីមួយឲ្យលើសពីប្រពៃណី សីលធម៍ និងច្បាប់ របស់ប្រទេសយើងឲ្យសោះ អាជ្ញាធរ និងសមត្ថកិច្ចអ្នកអនុវត្តច្បាប់រក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនហើយ ដោយអនុវត្តន៏ច្បាប់ដូចគ្នា ។ ដូចក្នុងករណីនេះ សមត្ថកិច្ចយើងខ្ញុំបន្តស្រាវជ្រាវទៀត ទៅលើទំនាស់ខាងលើនេះ តើផ្ដើមចេញពីហេតុការណ៍អ្វីខ្លះ បើមានការពាក់ព័ន្ធដល់កម្រិតណា យើងនឹងចាត់ការបន្តទៀត មិនឲ្យគេចខ្លួនបាននោះទេ ។
លោកឧត្តមសេនីយ៍ កុល ផាលី ស្នងការរងនគបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនជាតិចិនចំនួន៣៦នាក់ខាងលើ ដែលបានចាប់ខ្លូន ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋានភ្លាមៗ បច្ចុប្បន្នកំពុងធ្វើការសាកសួរ ដើម្បីមានវិធានការតាមនីតិវិធីច្បាប់ ដោយចំពោះបទល្មើសត្រូវដាក់បន្ទុកពូកគេយ៉ាងណានោះ នៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ។ ពួកគេមានមុខរបរជាបុគ្គលិកកាស៊ីណូ ។ ដោយឡែក សម្រាប់ជនជាតិខ្មែរ ដែលរងគ្រោះ កំពុងធ្វើការសាកសួរផងដែរ ។