ខេត្តព្រៃវែង ៖ បុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈកំពុងជិះម៉ូតូចេញពីស៊ីការគេ គោលដៅត្រឡប់ទៅផ្ទះវិញ តែជិះទើបបានពាក់កណ្តាលផ្លូវត្រូវជនមិនស្គាល់មុខជិះម៉ូតូតាមពីក្រោយ រួចកាប់ជនរងគ្រោះពីក្រោយសឹងដាច់ករ ហើយជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នឹកស្មានមិនដល់នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទី យប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិពោធិជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។


បើតាមសមត្ថកិច្ចនៃអធិការដ្ឋាននគបាលស្រុកស្វាយអន្ទរបានឲ្យដឹងថា តាមការរៀបរាបពីក្រុមជនរងគ្រោះបានបញ្ជាក់ថា មុនពេលកើតហេតុពួកគេមានគ្នា៣នាក់ ដោយទី១.ឈ្មោះ ផៃ គាក់ ភេទប្រុស អាយុ ២៣ឆ្នាំ ទី២.ឈ្មោះ រិន លាក់ ភេទប្រុស អាយុ ២៣ឆ្នាំ និងទី៣ ឈ្មោះ សាន សាក់ ភេទប្រុស អាយុ១៦ឆ្នាំ ដែលពួកគេទាំង៣នាក់រស់នៅភូមិគក់ ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងជាមួយគ្នា ។ នៅមុនពេលកើតហេតុ ពួកគេបានជិះម៉ូតូឌុបគ្នា ៣នាក់ចេញពីហូបការគេនៅឯស្រុកកំចាយមារ ទិសដៅពីកើតមកលិច ក្នុងបំណងមកហូបបបរ នៅរង្វង់មូលស្វាយអន្ទរ លុះមកដល់ចំណុចកើតហេតុខាងលើក៏មានម៉ូតូមូយគ្រឿងមិនស្គាល់ម៉ាក ជិះមកពីក្រោយរួចបានលើកាំបិតកាប់មកលើពួកគេ បណ្តាលឲ្យត្រូវជនរងគ្រោះឈ្មោះ សាន សាក់ ដែលអង្គុយក្រោយគេចំកញ្ចឹងករខាងក្រោយ បណ្តាលឲ្យដាច់សាច់យ៉ាងជ្រៅ ដែលសឹងតែដាច់ករទៅហើយ បន្ទាប់មកជនដៃដល់ក្រោយធ្វើសកម្មភាពកាប់មកលើជនរងគ្រោះរួចមកពួកគេបានជិះម៉ូតូគេចខ្លួនទៅទិសខាងកើតបាត់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជនមួយនៅក្បែររង្វង់មូលស្វាយអន្ទរ នឹងបានសួរនាំក្រុមជនរងគ្រោះ ធ្វើកំណត់ហេតុដើម្បី កំណត់មុខសញ្ញាតាមចាប់ជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់ ៕


About the Author